Ticker

6/ព័ត៌មានជាតិ/ticker-posts

ក្រុមហ៊ុន Huawei នៅកម្ពុជា ត្រៀមជួយបង្កើតពហុកីឡដ្ឋានឆ្លាតវៃ 5G និង SEA Games 2023


(ភ្នំពេញ)៖
 លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅរសៀលថ្ងៃទី២២-តុលានេះ បានអនុញ្ញាតឲ្យលោក យ៉ាវ អ៊ីយ៉ា អគ្គនាយកក្រុមហ៊ុន Huawei នៅកម្ពុជា ចូលជួប និងធ្វើបទបង្ហាញពីផែនការជួយបំពាក់បច្ចេកវិទ្យាព័ត៌មានវិទ្យា 5G នាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) នៅកម្ពុជា។

លោក យ៉ាវ អ៊ីយ៉ា បានបង្ហាញអំពីគម្រោងជួយបង្កើតពហុកីឡដ្ឋានឆ្លាតវៃ តាមរយៈការបំពាក់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា 5G ឧបករណ៍ឆ្លាតវៃ កាមេរ៉ា(Camera)ឆ្លាតវៃជាដើម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យទាន់សម័យ ទំនើប លេចធ្លោរជាងគេ ផ្នែកបច្ចេកវិទ្យា ដើម្បីជួយដល់គុណប្រយោជន៍ពហុកីឡដ្ឋានជាតិមរតកតេជោផង ក៏ដូចជាជួយដល់ព្រឹត្តិការណ៍ SEA Games 2023 និង ASEAN Para Games 2023 ផង។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei កម្ពុជា ដែលត្រៀមជួយដល់ដំណើរការឆ្ពោះទៅ SEA Games 2023 និង ASEAN Para Games 2023 ហើយលោកនឹងរាយការណ៍អំពីគម្រោងនេះ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) និងសូមគោរពស្នើការសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី៕


Post a Comment

0 Comments