Ticker

6/ព័ត៌មានជាតិ/ticker-posts

ធនាគារ ព្រីនស៍ ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក សូមប្រកាសជាផ្លូវការនូវការគាំទ្រ យ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំ ផ្ដល់ការអនុគ្រោះ របស់ធនាគារជាតិនៃកម្ពុជា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងស្មារតីនៃសាមគ្គីភាពជាតិ និងមនុស្សធម៌ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជំនួយដល់យោធិនជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសមាជិកគ្រួសាររបស់យោធិន ដែលបានលះបង់ ដើម្បីការពារជាតិមាតុភូមិ។

យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការពិគ្រោះយោបល់ជាមួយ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារ ព្រីនស៍ នឹងអនុវត្តវិធានការនានាដែលបានណែនាំចាប់ពីពេលនេះតទៅ។ ជាពិសេស ធនាគារ ព្រីនស៍ នឹងលុបចោលបំណុលទាំងស្រុង ចំពោះក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិ។

បន្ថែមលើសពីនេះធនាគារ ព្រីនស៍ នឹងអនុវត្តតាមការណែនាំផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្រួលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងពិចារណាផ្តល់ជំនួយបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ដោយផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារ ព្រីនស៍ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ដើម្បីរួមចំណែកជាមួយសង្គមជាតិ និងទំនួលខុសត្រូវសង្គម។

ធនាគារ ព្រីនស៍ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងផ្តល់ការគាំទ្រដល់យោធិនដ៏ក្លាហាន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពបច្ចុប្បន្ន៕

Post a Comment

0 Comments